សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

​រឿង គង់​ហ៊ាន​

​កាល​ពី​ព្រេងនាយ មាន​មនុស្ស​ម្នាក់​ឈ្មោះ គង់ មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ នាង​អាំ​, មួយ​ឈ្មោះ នាង​គំ ។ ថ្ងៃមួយ​អ្នក​គង់ នាំ​ប្រពន្ធ​ទាំង​ពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ​មាន​ខ្លា​សាហាវ អ្នក​គង់ បណ្តើរ​ប្រពន្ធ​ទាំង​ពីរ​នាក់ ទៅដល់​ព្រៃធំ​មួយ​ជិត​ស្រុក​គេ ព្រៃ​នោះ​តែង​មាន​ខ្លា​ចដេញ​ខាំ​មនុស្ស ក្របី គោ ស៊ី​តែ​រឿ​យៗ ។ លុះ​អ្នក​គង់​ទៅដល់​កន្លែង​នោះ​ខ្លាច​ក៏​ស្ទុះ​ដេញ​ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ រាក​នោម ព្រោះ​ភ័យ​ណាស់​ញ័រ​ដៃ​ញ័រ​ជើង ។ នាង​អាំ និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់ទៅ ។​
​ ​ឯ​អ្នក​គង់​ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញពី​រូងឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំង​ពីរ​បន្ទោស​ប្តី​ថា "​ខ្លា​គេវាយ​ងាប់​ហើយ​ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាកញី​ដូច្នេះ​" ។ អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា "​មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ មានតែ​ប្រុស​បាន​ហ៊ាន​វាយ​ខ្លា​ទាល់តែ​ស្លាប់​" ហើយ​អ្នក​គង់​ក៏​បោចវល្លិ៍​ចង​ខ្លានោះ​នាំ​ប្រពន្ធសែង​ចូលទៅ​ក្នុង​ស្រុក ។ អស់​អ្នកស្រុក​ឃើញ អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​តាម​មក​មើល​ពេញ​ពេញ ហើយ​គេ​សួរថា "​អ្នក​ឯង​ធ្វើ​ដូច​ម្តេច​បាន​ជា​បាន​ខ្លា​នេះ " ខ្លា​នេះ​សាហាវ​ណាស់​វា​តែងតែ​ខាំ​មនុស្សម្នា ក្របី គោ​ស៊ី​ច្រើនណាស់​" ហើយ​ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា "​អ្នក​គង់​គាត់ ឃើញ​ខ្លា​វា​បោល​មក គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ស្រីៗ ព្រួត​គ្នា​វាយ​ខ្លា​ទាល់តែ​ស្លាប់​" ។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ជោរ​រំលោភ​ប្រពន្ធ​ថា "​មិន​ដែល​មាន​ស្រី​ណា ខ្លាំង​ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មានតែ​ប្រុស​ទើប​ខ្លាំងពូកែ​ហ៊ាន​វាយ​ខ្លា​ស្លាប់​បាន​" ។ អ្នក​គង់​ក៏​អួត​ប្រាប់​អ្នកស្រុក​ថា "​កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀតគុណ​ដូច្នេះបានជា​វាយ​វា​បាន​" ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុណ​វាយ​ខ្លា​ឲ្យ​អ្នកស្រុ​កមើល ។ ឯ​អស់​អ្នកស្រុក​កោតខ្លាច​អ្នក​គង់តែ​រាល់គ្នា ហើយ​ឲ្យឈ្មោះ​ថា "​គង់​ហ៊ាន​" តាំងពី​ថ្ងៃ​នោះ​មក​ឮ​ល្បី​ឈ្មោះ​គង់​ហ៊ាន ជា​អ្នក​ពូកែ​ចេះ​គុណ​វាយ​ខ្លា​ស្លាប់​រឿងនេះ​ជ្រាប​ទៅដល់​ស្តេចៗ​ទ្រង់​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើជា​សេនា​សំរាប់​ច្បាំង​សង្គ្រាម ។​
​ ​លុះ​យូរ​បន្តិច​ទៅ ជួន​ជាមាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ។ ស្តេច​ទ្រង់​ប្រើ​គង់​ហ៊ាន​ឲ្យទៅ​ច្បាំង ។ គង់​ហ៊ាន​ឮ​ស្តេច​ទ្រង់​ប្រើ​ឲ្យទៅជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ធ្វើ​ដូច​មេ្តច នឹង​មិន​ទៅ​ច្បាំង​មិនបាន ដ្បិត​ស្តេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បីឈ្មោះ​ជា​អ្នក​ខ្លាំងពូកែ​ផង ត្រឡប់មកផ្ទះ​វិញ​ដេក​សន្ធឹកសន្ធៃ អត់បាយ ។ ប្រពន្ធ​ទាំង​ពីរ​នាក់​ចូល​ទៅ​សួរ​ថា "​ម្តេច​បាន​ជា អ្នក​ដេក​អត់បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​ធ្វើ​ប្រការ​ដូចម្តេច​?" ។ គង់​ហ៊ាន​ប្រាប់ថា "​ដ្បិត​ស្តេច​ទ្រង់​ប្រើ​ឲ្យទៅ​ច្បាំង​សឹក​ឥឡូវនេះ បង​ខ្លាច​សឹក​នោះ​ណាស់​មិន​ដឹង​បើ​គិត​ដូចម្តេច​ទេ​" ។ ប្រពន្ធ​ឆ្លើយថា "​អ្នក​កុំ​ព្រួយចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ពិសា​បាយ​ឲ្យ​ឆ្អែត​ងូតទឹ​កឲ្យសប្បាយ​ខ្លួន​ចុះ​" ។ គង់​ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹ​ក​ស៊ី​បាយ​រៀប​គ្រឿង​ប្រដាប់​នឹង​ទៅ​ច្បាំង ។ លុះ​រៀប​រួច​ហើយ​ដល់​ពេល​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាបបង្គំ​លា​ស្តេច​ចេញទៅ ច្បាំង​យក​ទាំង​ប្រពន្ធ​ទៅ​ផង ។ គង់​ហ៊ាន​ជិះ​ខាង​ក្បាលដំរី ប្រពន្ធ​ជិះ​ខាងក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខក្រោយ​ជា​ក្បួនទ័ព​ត្រៀបត្រា​ពាសពេញ ។ លុះ​ទៅ​ជិត​ខ្មាំងសត្រូវ​មើលឃើញ​ច្បាស់​ប្រាកដ គង់​ហ៊ាន ភ័យ​ណាស់​លេចអាចម៍លេចនោម ញ័រ​ដៃ​ញ័រ​ជើង​ដូច​គេ​អង្រួន​ក្បាលដំរី ។ ឯ​ដំរី​ស្មានថា គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះតែ​បោល មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។​
​ ​ឯ​ខ្មាំងសត្រូវ​ឃើញ​គង់​ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មានថា មេទ័ព​នេះ​ពូកែ​ណាស់​ក៏​ទា​ក់ទ័ព​ទាញ​រត់​យក​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។​
​ ​គង់​ហ៊ាន ឃើ​ញ​ខ្មាំង​រត់​ទាំង​អស់​ក៏​អួត​ក្អេងក្អាង​ឲ្យអស់​នាហ្មឺន និង​រេហ៍ពល​កោត​ខ្លាច ។ អស់​នាហ្មឺន​ឃើងគង់​ហ៊ាន លេច​អាចម៍​ដាក់​ក្បាលដំរី ស្អុយ​ពាសពេញ​ដូច្នោះ​គេ​សួរថា "​លោក​មេទ័ព​ថ្មី​ម្តេច​ក៏​លេច​លាមក​ដូច្នេះ​?" គង់​ហ៊ាន ឆ្លើយថា "​បើ​កំពុងតែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺផ្ទៃនឹង​ចុះ​ទៅ​ដោះទុក្ខសត្វ​ឯណា មានតែ​ដោះទុក្ខសត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះទុក្ខសត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥតអំពើ​ទៅ​ហើយ​ឬ​?" ។​
​ ​អស់​នាហ្មឺន និង​រេហ៍ពល ឮ​គង់​ហ៊ាន និយាយ​ដូច្នោះ​អ្នកខ្លះ​បាន​ប្រាជ្ញ​គេ​ដឹងថា គង់​ហ៊ាន ខ្លាច អ្នកខ្លះ​មិន​សូវ​មាន​ប្រាជ្ញា​ក៏​កោតខ្លាច​គង់​ហ៊ាន​ណាស់ ។ ឯ​គង់​ហ៊ាន បានឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ ហើយ​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ស្តេច ។​
​ ​ស្តេច​ទ្រង់​ជ្រាបថា គង់​ហ៊ាន ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះ​រា​ទាន​យសស័ក្តិ​ជា​នាម៉ឺន​ធំ ហើយ​ព្រះរាជទាន ព្រះ​រាជទ្រព្យ និង​គ្រឿង​បណ្ណាការ​ជាច្រើន ។ តាំង​អំពី​ថ្ងៃ​នោះ​មក គង់​ហ៊ាន រិត​តែ​អួត​ខ្លាំងពូកែ​ក្អេងក្អាង​ឡើង​ទៀត ។​
​ ​លុះ​ក្រោយមក​ទៀត មាន​ក្រពើ​សាហាវ​មួយ​ចេះ​តែ​ដេញ​ខាំ មនុស្សម្នា អ្នក​ឈ្មួញ​លក់ដូរ​ដើរ​រកស៊ី​ខាងជើង​ទឹក ជើង​កំពង់​គេ​ខ្លាចរអា​គ្រប់គ្នា មិន​មាន​អ្នកណា​ហ៊ាន​ចុះ​ងូតទឹក ឬ​ដើរ​ទូ​កសោះ ។ អស់​រាស្ត្រ​ពិបាកចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅដល់​ស្តេចៗ ទ្រង់​ត្រាស់​ប្រើ​គង់​ហ៊ាន​ឲ្យទៅ​ចាប់​ក្រពើ ។ ឯ​គង់​ហ៊ាន ឬ​ព្រះបន្ទូល​ដូច្នោះ នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះបន្ទូល​ក៏​ទទួល​ថា នឹង​យកអាសារ​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។ គង់​ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា "​គេហ៍​អើយ​! ឥឡូវ​នេះ​ស្តេច​ទ្រង់​ឲ្យ​យើង​ទៅ ចាប់​ក្រពើ​ក្នុង​ទន្លេ ដ្បិត​ក្រពើ​សាហាវ​ណាស់ ម្តងនេះ​ឃើញថា មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន ពីមុន​នៅ​លើ​គោក​គ្រាន់​នឹង​មើលទៅ​ឃើញ ឥឡូវ​នេះ​នៅក្នុង​ទឹក​​ដូចម្តេច​នឹង​គេច​រួច​? ប៉ុន្តែ​ស្តេច​ទ្រង់​ប្រើ​ហើយ នឹង​មិន​ទៅ​ក៏​មិន​បាន បើដូច្នោះ​មានតែ​ទៅ លោត​ទឹក​ឲ្យ​ក្រពើ​វា​ខាំ​ស្លាប់​តែម្តងទៅ​" ។ គង់​ហ៊ាន គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​កូនក្មួយ​មក​ធ្វើជា​ទៅ​ចាប់​ក្រពើ ។ អស់​មនុស្សម្នា​មហាជន​ឮថា គង់​ហ៊ាន ទៅ​ចាប់​ក្រពើ​ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់​ហ៊ាន ទៅដល់​កំពង់ទឹក​បាន​ឃើញ​ក្រពី​ហែល​មក​ប្រប​ច្រាំង ត្រង់​ទី​ដែល​មាន​ដើមឈើ​ពីរ​ដើម​ដុះ​ជិតគ្នា​មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ​ដោយ​គិត​ថា លោត​ទៅឲ្យ​ក្រពើ​វា​ខាំ​ឲ្យស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពី​វា​ឮសូរ​សន្ធឹក​គង់​ហ៊ាន​លោត​ចុះ ក៏​ភ្ញាក់​ព្រើត​ប្រឹង​លោត​ឡើង​ដូចជា​គេ​ប្រហក​ក្នុង​ប្រគាបឈើ​ជាប់​ពាក់កណ្តាល​ខ្លួន រុលទៅមុខ​ក៏​មិន​រួច​ថយ​មក​ក្រោយ​ក៏​មិន​រួច ។ គង់​ហ៊ាន មុជ​ទៅក្នុង​ទឹក​ងើបឡើង ឃើញ​ក្រពើ​ជាប់​នឹង​ដើមឈើ​ដូច្នោះ ស្រែក​បង្កាប់​ឲ្យ​កូនក្មួយ​ឲ្យ​យកលំ​ពែងមក​ចាក់កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន​គេ​គិត​ស្មានថា គង់​ហ៊ាន ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើមឈើ ក៏​កោតខ្លាច​គង់​ហ៊ាន​ក្រៃពេក ។​
​ ​គង់​ហ៊ាន​បានឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ក៏​រិត​តែ​ក្អេងក្អាង​អួត​ខ្លាំង​ពូកែ​ឡើង​ទៀត ហើយ​ចូល​ទៅ​ក្រាបទូល​ស្តេច​ថា ខ្លួន​បាន​ចាប់​ក្រពើ ចោល​ឡើងមក​លើគោក ។ ស្តេច​ក៏​ទ្រង់​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យក​ស័ក្ត​ឲ្យ​គង់​ហ៊ាន​ឡើង​ជា​ធំ លើស​ពី​មុន​ទៀត ព្រះរាជទាន​ទាំង​អំណាច​ទាំង​រង្វាន់​ជាច្រើន ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More