សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿង ដង្កូវ និង​ក្អែក​

មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុងស៊ី​ស្លឹកឈើ មាន​សត្វ​ក្អែក​ហើរ​រក​ចំណី​វា ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា "​ពេលនេះ​មាន​លាភ​បាន​ស៊ី​ដង្កូវ​" ក៏​ហើរ​ទៅ​ទំ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេកឃើញ​ក្អែក​ក៏​នឹកឃើញ​ថា "​ខ្លួន​អា​ក្អែក​នេះ​ចិត្ដ​ឃោរឃៅ​នឹង​ចឹក​ស៊ី​អញ​ឥឡូវ​ហើយ​" ។ ដង្កូវ​សួរ​ក្អែក​ថា "​មក​រក​អ្វី​?" ។ ក្អែក​ប្រាប់​ដង្កូវ​វិញ​ថា "​អញ​មក​ស៊ី​ដង្កូវ​ឯង​" ។ ដង្កូវ​ថា "​លុះត្រាតែ​ក្អែក​ឯង​រក​ប្រស្នា​អញ​ឃើញ ទើប​ស៊ី​អញ​បាន បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ទេ ស៊ី​អញ​មិន​បាន​ទេ​" ។ ក្អែក​សួរថា "​ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្តេច សួរ​មក​ចុះ​អញ​នឹង​រកឲ្យឃើញ​" ។ ដង្កូវ​សួរ​ទៅ​ក្អែក​ដូច​មាន​តទៅ​នេះ ៖
​ ​១- ដូចម្តេច​ដែល​ហៅថា ផ្អែម​ជាងគេ​បំផុត ?
​ ​២- ដូចម្តេច​ដែល​ហៅថា ជូរចត់​ជាងគេ​បំផុត ?
​ ​៣- ដូចម្តេច​ដែល​ហៅថា ស្អុយ​ជាងគេ​បំផុត ?
​ ​៤- ដូចម្តេច​ដែល​ហៅថា ក្រអូប​ជាងគេ​បំផុត ?
​ ​កាល​បើ​ក្អែក​បានឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​បួន​បទ​នេះ​ហើយ មាន​សេចក្តីត្រេកអរ​ជាទីបំផុត ក៏​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​លេង​ដោយ​គិត​ថា "​ប្រស្នា​ដង្កូវ​ទាំង​បួន​បទ​នេះ អញ​មុខ​ជា​រកឃើញ​ឥឡូវ​ហើយ និង​បាន​ស៊ី​ដង្កូវ​ឥឡូវនេះ​មិន​ខាន​" ទើប​ក្អែក​ឆ្លើយ​ដោះប្រស្នា​ដូច​មាន​តទៅ​នេះ ៖
​ ​១- ដែល​គេ​ហៅថា "​ផ្អែម​នោះ​គឺ​មាន​ស្ករ និង​ទឹកឃ្មុំ ផ្អែម​ជាង​ផ្អែម​ទាំងពួង​" ។​
​ ​២- ដែល​គេ​ហៅថា "​ជូរចត់​នោះ គឺ​មាន​ម្ជូរក្រូចឆ្មារ អម្ពិល ម្ជូរសណ្តាន់ ម្ជូរ​ក្រសាំង និង​ទឹកខ្មេះ​" ។​
​ ​៣- ដែល​គេ​ហៅថា "​ស្អុយ​ជាងគេ​នោះ គឺ​អាចម៍ និង​ក​ម្រង់​ខ្មោចសត្វ​ទាំងពួង​" ។​
​ ​៤- ដែល​គេ​ហៅថា "​ក្រអូប​ជាងគេ​នោះ គឺ​ផ្ការំដួល ម្លិះ និង​ទឹកអប់​" ។​
​ ​ក្អែក​បាន​ដោះប្រស្នា​ទាំង​បួន​បទ​នេះ​ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា "​ក្អែក​ដោះប្រស្នា​នេះ​មិន​ត្រូវ​ទេ​" ។ ក្អែក​ក៏​ដាក់​មុខស្រងូត​និយាយ​ទៅ​ដង្កូវ​វិញ​ថា "​បើ​ដង្កូវ​ឯង​ថា​ខុស សុំ​ឲ្យ​ដង្កូវ​ឯង​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យបាន​ដឹង​ផង​" ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា "​ប្រាប់​បានតែ​ក្អែក​ឯង​កុំ​ស៊ី​អញ ទើប​អញ​ប្រាប់​" ។ ក្អែក​ថា "​ឲ្យតែ​ប្រាប់ចុះ​អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ​" ។ លុះ​បាន​ចុះ​ខសន្យា​ព្រមព្រៀង​គ្នា​យ៉ាង​នេះ​ហើយ ដង្កូវ​ក៏​ដោះស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ដូច​មាន​ពាក្យ​តទៅ​នេះ ៖
​ ​១- ដែល​គេ​ហៅថា ផ្អែម​នោះ គឺ​មិនមែន​ផ្អែម​ស្ករ ទឹក​ឃ្ញុំ​នោះ​ទេ គឺ​ផ្អែម​ពាក្យសំដី​ដែល​និយាយ​ទៅ​មក​រក​គ្នា ដោយ​ពាក្យពីរោះ​ស្មោះត្រង់​រកគ្នា នេះ​ហើយ​ហៅ​ថា "​ផ្អែម​ជាទីបំផុត​" ។​
​ ​២- ដែល​គេ​ហៅថា ជូរចត់​នោះ មិនមែន​ជូរចត់​អម្ពិល​សណ្តាន់​ក្រូចឆ្មារ ទឹកខ្មេះ​នោះទេ គឺ​ដែល​និយាយ​កាន់​គ្នា​ទៅវិញទៅមក​នូវ​ពាក្យ​ផរុសវាទ ឃោរឃៅ​ឥត​គួរសម នេះ​ហើយ​ហៅ​ថា "​ជូរចត់​លើ​សេចក្តី​ជូរចត់​ទាំងពួង​" ។​
​ ​៣- ដែល​គេ​ហៅថា ស្អុយ​នោះ មិនមែន​ស្អុយ​អាចម៍ ស្អុយ​គម្រង់​នោះទេ គឺ​ស្អុយឈ្មោះ​ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក នេះ​ហើយ​ហៅ​ថា "​ស្អុយ​ច្រាសខ្យល់​" ។​
​ ​៤- ១- ដែល​គេ​ហៅថា ក្រអូប​នោះ គឺ​មិនមែន​ក្រអូប​ផ្កា ឬ​ទឹកអប់​នោះទេ គឺ​ក្រអូប​កេរ្តិ៍ឈ្មោះ​ដែល​ប្រតិបត្តិ​ល្អ នេះ​ហើយ​ហៅ​ថា "​ក្រអូប​ជាង​ក្រអូប​ទាំងពួង​" ។​
​ ​ក្អែក​បាន​ស្តាប់​ប្រស្នា​នេះហើយ ឈប់​ស៊ី​ដង្កូវ​ទៅ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More