សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

​​រឿង ជាតិ​ខ្លាធំ

កាល​ពី​ព្រេងនាយ មា​នព្រះមហាក្សត្រ​មួយ​ព្រះអង្គ​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​មួយ មាន​អគ្គមហេសី​ជា​ចម​ស្ត្រី មាន​មន្ត្រី​ចតុ​ស្តម្ភ ៤ នាក់ មាន​ហោរា​មួយ​នាក់ ជា​តំណាង​ព្រះ​នេត្រ ព្រះ​កាណ៌​ព្រះអង្គ មាន​មន្ត្រី​និង​ស្រីស្នំ​ជា​រាជបរិពារ​ពេញ​កិត្តិយស​ជា​ម្ចាស់ផែនដី តាម​ព្រះ​រាជប្រពៃណី​អំពី​បុរាណ​រៀងមក ប៉ុន្តែ​ព្រះមហាក្សត្រីយ៍ និង​ចតុស្តម្ភ​ទាំង ៤ នាក់ ពុំ​បាន​រៀន​វេទមន្ត​ខាង​ការ​ពី​ជ័យ​សង្គ្រាម​ដូច​ព្រះរាជា​មុនៗ​មក​ឡើយ ព្រះអង្គ​ទ្រង់​តែង​ព្រួយបារម្ភ និង​ព្រះ​មហានគរ​ជា​អនេក ។ ដោយ​ព្រះ​រាជានុភាព​ព្រះអង្គ​ចេះ​តែ​ទន់ទាប​ចុះ ទ្រង់​ក៏​រំពឹងថា "​បើ​ប្រសិន​ជា​មាន​សឹកសត្រូវ​ចូល​មក​លុកលុយ​ដណ្តើម​ព្រះ​នគរ​អញ មុខ​ជា​ព្រះ​នគរ​នឹង​បាន​ទៅក្នុង​កណ្តាប់ដៃ​នៃ​បច្ចាមិត្ត​ដោយ​ងាយ​ពុំខាន​ឡើយ​" ។​
​ ​ថ្ងៃមួយ​វេលា​ម៉ោង ៨ ព្រឹក ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះ​រាជរោង ដោយ​មាន​ព្រះ​អគ្គមហេសី​គង់​នេប​អែបជិត​ព្រះអង្គ ហើយ​ដោយ​មាន​ហោរា​ចតុស្តម្ភ​ទាំង ៤ នាក់ និង​មន្ត្រី​ឯទៀត​ក្រាបបង្គំ​គាល់​ជាធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក់​ព្រះទ័យ​ទៅ​រៀន​សិល្ប៍សាស្ត្រ​ក្នុង​សំណាក់ អាចារ្យ​ទិសាបាមោក្ខ ឯ​នគ​រតក្ក​សិលា ។ ទ្រង់​ក៏​ជំនុំ​ជា​មួយ​ព្រះ​អគ្គមហេសី និង​ហោរា​នូវ​ចតុស្តម្ភ​ថា នឹង​ចេញ​ទៅ​រៀន ។ ព្រះ​អគ្គមហេសី​ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា និង​ចតុស្តម្ភ​ទាំង ៤ នាក់​ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជាឲ្យ​ជំនាញ​ដើម្បី​រក្សា​ព្រះនគរ ។ ព្រះអង្គ​ទ្រង់​ព្រះ​រាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ មាន​ថ្ងៃមួយ​ព្រះអង្គ​ទ្រង់​នាំ​ព្រះ​អគ្គមហេសី ហោ​រា និង​ចតុស្តម្ភ​ទាំង​៤ នាក់​ចាកចេញ​ព្រះ​នគរ ។ គំរប់ ៧ ថ្ងៃ​ដល់​ទៅ​នគ​រតក្ក​សិលា បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ ក៏​សុំ​រៀន​សិល្ប៍​វេទ ។ អាចារ្យ​ទឹសាបាមោក្ខ​ទទួលភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះ​អគ្គមហេសី និង​ហោរា​ព្រមទាំង​ចតុស្តម្ភ បាន​រៀន​ចេះ​ចប់​សព្វគ្រប់​ទោះបី នឹង​ក្លែងខ្លួន​ជា​សត្វ​តិរច្ឆាន ឬ​ជា​យក្ស​ក​ន្ធ​ព្វ​សុ​បណ្ណាកា ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច ស្តេច​សុំ​លា​លោកតា​អាចារ្យ​វិលត្រឡប់​មក​ព្រះ​នគរ​វិញ អាចារ្យ​ក៏​អនុញ្ញាត ។ ព្រះរាជា និង​ព្រះ​អគ្គមហេសី​បានធ្វើ​ព្រះរាជដំណើរ​មកវិញ​ព្រម​ដោយ​ហោរា នូវ​ចតុស្តម្ភ​ទាំង ៤ នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្ក​សិលា​មក​បាន ៣ ថ្ងៃ ហេតុ​ដែល​ជា​ផលកម្ម​នាំ​ឲ្យ​វង្វេងផ្លូវ ទ្រង់​យាង​កាត់​ព្រៃ​អស់​ស្បៀងអាហារ សោយ​តែ​មើម​ឈើ និង​ផ្លែឈើ ។ ព្រះរាជា​ទ្រង់​ស្តាយ​ព្រះជន្ម ទ្រង់​ក៏​ជំនុំ​គិត​ជាមួយ​ហោរា ចតុស្តម្ភ​ទាំង​បួន​នាក់ ព្រមទាំង​ព្រះ​អគ្គមហេសី​ថា "​ឥឡូវនេះ​យើង​ជិត​ដល់​នូវ​ការ​អស់​អាយុសង្ខា​គ្រប់​គ្នា​ហើយ ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹមជីវិត តើ​អស់លោក​យល់ឃើញ​ដូចម្តេច​?" ។ ហោរា​ទូល​ព្រះអង្គ​ថា "​ទូលព្រះបង្គំជាខ្ញុំ​យល់ឃើញថា មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក សឹង​ចេះ​សព្វគ្រប់​ដូចគ្នា ហេតុ​នោះ​បើ​នឹង​ប្រែ​ក្រឡា​ខ្លួន​ជា​សត្វ​ខ្លាធំ ហើយ​យើង​ចាប់​សត្វ​ឯទៀត​ធ្វើ​ជា​អាហារ​ទំរាំ​តែ​ទៅដល់​ព្រះ​នគរ សឹម​ក្រឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏បាន​" ។ ព្រះរាជា ព្រះ​អគ្គមហេសី នូវ​ចតុស្តម្ភ​តាម​ហោ​រា ។ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ថា "​ឥឡូវ​រូប​ខ្លា ទាំងមូល​នេះ​តើ​នរណា​នឹងត្រូវ​ក្រឡា​ខ្លួន​ធ្វើ​ជា​អ្វី​?" ។ ចតុស្តម្ភ​សុំ​ធ្វើ​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំងមូល​នេះ ឃើញ​នៅសល់​តែ​ក្បាល គឺ​តួ​ព្រះមហាក្សត្រីយ៍ ។ ជំនុំ​ស្រេច​ក៏​សូត្រមន្ត​វិជ្ជា​ក្រឡា​ខ្លួន កើត​ជា​ព្យ​គ្ឈេ​រាជ (​ស្តេច​ខ្លា​) បាន​ដូច​សេចក្តីប្រាថ្នា ស្ទុះ​បោល​ដេញ​ចាប់​សត្វ​ប្រើស​ក្តាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ​ក៏​កើត​មាន​សេចក្តី​សប្បាយ​ភ្លេច​រាជសម្បត្តិ និង​ព្រះ​មហានគ​រពុំ​ស្តាយ​សោះ ។
​ ​ហេតុនេះ​បាន​ជា​សត្វ​ខ្លា​មាន​កម្លាំង​ខ្លាំង​ជាង​សត្វ​ឯទៀត ហើយ​សត្វ​ខ្លា​នេះ​កាលណា​ចាប់​សត្វ​ជា​អាហារ គឺ​ដឹង​ពី​កន្ទុយ​មុន ព្រោះ​ជា​ហោ​រា ។ ដងខ្លួន​ដែល​ទន់ភ្លន់ គឺ​ព្រះ​មហេសី​ជា​ស្ត្រី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ គឺ​តួអង្គ​ព្រះ​មហាក្សត្រីយ៍ ដែល​មាន​មហិទ្ធិឫទ្ធិ​ជាង​គេ​ទាំង​អស់ ។ ឯ​ជើង​ទាំង​បួន ដែល​មាន​កម្លាំង​ខ្លាំង ហើយ​មាន​ក្រចក​មុត​គឺ ចតុស្តម្ភ​ទាំង​បួន ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More