សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

​​រឿង មនុស្ស​ឆោត ៤ នាក់​

កាលពីព្រេងនាយ​មាន​មនុស្ស​ឆោត ៤ នាក់ ព្រមព្រៀង​គ្នា​ដើរ​រៀនក្តី ។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្តើក ៥ ។ បុរស​ទាំង ៤ នាក់​នោះ​ក៏​យក​អណ្តើក​នោះមក​ចែកគ្នា ដល់​ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១ ។ មនុស្ស​ទាំងអស់​នោះ​មិន​សុខចិត្ត​តែ​រៀងខ្លួន ក៏​ចែក​គ្នា​ម្តង​ទៀត ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១ ដដែល មិនដឹង​គិត​ដូចម្តេច ។ បុរស​ទាំង ៤ នាក់​នោះ​ទាល់គំនិត​ក៏​អង្គុយ​មើល​មុខ​គ្នា​ធ្វើ​ភ្នែក​ឡីង​ឡ​ង់ ។ ក្នុង​វេលា​នោះ​មាន​បុរស​ម្នាក់​ទៀត​ដើរ​ទៅ​កាន់​ទីនោះ ប្រទះ​នឹង​មនុស្ស​ទាំង ៤ នាក់​នោះ ក៏​ឈរ​មើល​គេ​ចែក​អណ្តែក​គ្នា ហើយ​បុរស​នោះ​ឃើញ​ឆោត​ដូច្នោះ​ក៏​សើច ហើយ​និយាយ​នឹង​បុរស ៤ នាក់​នោះ​ថា "​មើល​ទៅ​អ្នក​មិនសូវ​ប្រសប់​សោះ​" ។ បុរស ៤ នាក់​គ្រាន់តែ​ឮសូរ​សំដី​ប៉ុណ្ណេះ​ក៏​និយាយថា "​ឱ​លោក​! បើ​លោក​ចេះ​អាណិត​មក​ចែក​ឲ្យ​យើង​បន្តិច​" ។ បុរស​ម្នាក់​នោះ​ឮ​ដូច្នោះ ក៏​ដើរ​ចូល​ទៅ​អង្គុយ​ជិត​ចាប់​យក​អណ្តើក ៥ នោះមក ហើយ​រើស​មើល​អណ្តើក​ណា​ដែល​ធំជាងគេ​យក​មក​ទ្រាប់​អង្គុយ នៅសល់​អណ្តើក ៤ ក៏​ចែក​ទៅ​ឲ្យ​បុរស ៤ នាក់​នោះ ១ ម្នាក់ បុរស​នោះ​ក៏​សុខចិត្ត​រៀង​ខ្លូន ហើយ​បុរស ៤ នាក់​នោះ​សួរថា "​អ្នក​មើល​ទៅ​ប្រហែលជា​ចេះ​ក្តី​?" ។ បុរស​នោះ​ឆ្លើយថា "​ខ្ញុំ​ចេះ​" ។ បុរស​ទាំង ៤ នាក់​ក៏​តប​ទៅ​វិញ​ថា "​ឱ​បើ​អ្នកចេះ​ក្តី សូមមេត្តា​ប្រាប់​យើង​ផង​" ។ បុរស​ម្នាក់​នោះ​ឆ្លើយថា "​បើ​អ្នក​ចូលចិត្ត​ឲ្យ​ខ្ញុំ​ប្រាប់ ត្រូវ​អ្នក​ទន្ទេញ​តាម​ខ្ញុំ​" ។ បុរស ៤ នាក់​ឆ្លើយថា "​បាទ​" ហើយ​បុរស​នោះ​ប្រាប់​ទៅ ៤ នាក់​នោះ​ឲ្យ​ទន្ទេញ​រៀងខ្លួន គឺ ៖
​ ​ប្រាប់​ទៅ​បុរស​ទី ១ ថា : ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​
​ ​ប្រាប់​ទៅ​បុរស​ទី ២ ថា : មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ​
​ ​ប្រាប់​ទៅ​បុរស​ទី ៣ ថា : មាន​សម្រាម ទើប​ឆ្កែ​វា​ជុះ​
​ ​ប្រាប់​ទៅ​បុរស​ទី ៤ ថា : មែន ទើប​គេ​ថា ។​
​ ​បុរស​ទាំង ៤ នាក់​ក៏​ចេះ​ទន្ទេញ​ពាក្យ​នេះ​ចេះ​ចាំ​គ្រប់ៗ​គ្នា​ទៅ ហើយ​បុរស ៤ នាក់​នោះ​នាំគ្នា​ទៅ​ឆ្ងាយ​ទៅ បាន​ដល់​ភូមិ ១ នឹង​រក​ផ្ទះសម្បែង​សំណាក់​ក៏​គ្មាន ។ លុះ​បន្តិច​ទៅ​បាន​ប្រទះ​យាយ​ចាស់​មេម៉ាយ​ម្នាក់ ក៏​និយាយ​សុំ​ផ្ទះ​យាយ​ចាស់​នោះ​សំណាក់ គាត់​ក៏​ព្រមឲ្យ ហើយ​បុរស​ទាំង ៤ សំណាក់​នៅ​ផ្ទះ​យាយ​នោះ​ទៅ ។ យប់​នោះ​ក៏​នាំគ្នា​ទន្ទេញ​ពាក្យ​ក្តី ដែល​បុរស​ម្នាក់​នោះ​ប្រាប់ ទន្ទេញ​មិន​ឈប់ឈរ​ទាល់តែ​ភ្លឺ​យាយ​ចាស់​ខឹង​ណាស់ ព្រឹក​ឡើង​គាត់​ទៅ​ប្តឹង​មេស្រុក​ថា "​លោក​មេស្រុក​យប់​ម៉ិញ​នោះ​មាន​បុរស ៤ នាក់​មក​សុំ​ផ្ទះ​ខ្ញុំ​សំណាក់ បុរស​ទាំង ៤ នាក់​នោះ​ចេះ​តែ​និយាយ​ទន្ទេញ​ទាល់តែ​ភ្លឺ តែ​មិន​ដឹង​ជា​ពាក្យ​យ៉ាងដូចម្តេច ស្តាប់​មិនបាន​សោះ​ខាន​ដេក​វាល់ព្រឹក ហេតុ​នេះ​ខ្ញុំ​មក​ប្តឹង​លោក សូម​លោក​ហៅ​មនុស្ស​ទាំង ៤ នាក់​នោះ​មក​ជំនុំ​ជម្រះ​ឲ្យ​ខ្ញុំ​" ។ មេស្រុក​បាន​ស្តាប់​ហើយ ក៏​ឲ្យ​បម្រើ​ទៅ​ហៅ​បុរស​ទាំង ៤ នាក់​នោះ​មក ហើយ​សួរថា "​ហេតុ​ដូច​ម្តេច​បាន​ជា​ឯង​ទន្ទេញ​អ្វី​ទាល់តែ​ភ្លឺ​រកតែ​យាយ​គាត់​ដេក​ពួន​មិន​បាន ដែល​ឯង​ទន្ទេញ​នោះ​ទន្ទេញ​ពាក្យ​អ្វី​?" ។ បុរស​ទាំង ៤ នាក់​នោះ​ឆ្លើយថា "​ខ្ញុំ​ទន្ទេញ​ពាក្យ​ក្តី​" ។ មេស្រុក​បង្គាប់​ទៅ​ទៀត​ថា "​ឯង​រាល់គ្នា​សូត្រ​ពាក្យ​នេះ​ម្តងម្នាក់​ទៅ​មើល ! អញ​នឹង​ស្តាប់​" ។​
​ ​បុរស​ទី ១ ថា : ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​
​ ​បុរស​ទី ២ ថា : មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ​
​ ​បុរស​ទី ៣ ថា : មាន​សម្រាម ទើប​ឆ្កែ​វា​ជុះ​
​ ​បុរស​ទី ៤ ថា : មែន ទើប​គេ​ថា ។​
​ ​ស្តាប់​ពាក្យ​នេះហើយ មេស្រុក​ក៏​កាត់​សេចក្តី​ថា "​ឯង​ទាំង ៤ នាក់​ត្រូវ​នៅ​ជា​ខ្ញុំបម្រើ​យាយ​ចាស់​នេះ​" ។ បុរស​ទាំងអស់​នោះ​ក៏​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំបម្រើ​យាយ​ចាស់​នោះ​ទៅ ។ យាយ​ចាស់​គាត់​ប្រើ​ឲ្យធ្វើ​ការ​សព្វសារពើ​តែ​រាល់ថ្ងៃ ។​
​ ​លុះ​នៅ​នឹង​យាយ​នោះ​មាន​បាន ២-៣ ថ្ងៃ យាយ​គាត់​ប្រើ​បុរស​ទាំង ៤ នាក់​នោះ​ឲ្យទៅ​កាប់​ឈើ​ធ្វើ​ទូក ។ អ្នក​ទាំង ៤ នាក់​ក៏​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃធំ ហើយ​ដើររក​ឈើ​ណា​មាន​ប្រហោង​ទើប​កាប់ ។ ដល់​ចូលទៅ​ក្នុង​ព្រៃ​ជ្រៅ​បាន​ប្រទះ​ឈើ​ធំ​មួយ​ដើម មាន​ប្រហោង ។ បុរស​ទាំង ៤ នាក់​និយាយ​គ្នា​ថា "​យើង​បាន​ប្រទះ​ឈើ​ប្រហោង​ក្នុង​ហើយ យើង​ត្រូវ​នាំ​គ្នា​កាប់​ឈើ​នេះ​" ។ បុរស​ទាំង ៤ នាក់​មូលមាត់គ្នា​ក៏​កាប់រំលំ​ឈើ​ប្រហោង​នោះ លុះ​ឈើ​ជិត​រលំ បុរស​ទាំង ៤ នាក់​ស្រែកថា "​កនយើង​ជិតរ​លំហើយ អា​ណា​ម្នាក់​រត់​ទៅ​ចាំ​ទ្រ​កុំ​ឲ្យ​បែក​ឈើ​យើង​ក្រែង​ធ្វើ​ទូក​មិនកើត​" ។ បុរស​ម្នាក់​ក៏​ស្ទុះ​ទៅ​ទ្រ ដល់​យើង​នោះ​បាក់​មក​សង្កត់​ស្លាប់​ធ្វើ​មាត់​ស្មេញ ។ បុរស ៣ នាក់​ឃើញ​ដូច្នោះ​ក៏​នាំគ្នា​សើច​ថា "​យើ​អានេះ​ខ្លាំង​ណាស់​តើ​! ឈើ​ទំហំ​ប៉ុណ្ណឹង​វា​ទ្រ​បាន ហើយ​វា​សើច​ថែមទៀត​" ។ បុរស ៣ នាក់​នាំគ្នា​ចាំ​មើល​បុរស​ម្នាក់​ដែល​ស្លាប់ ដល់​យូរពេក​ក៏​ស្រែក​ហៅ​ថា "​យី​! មក​ឆាប់​ឡើង​នឹង​អាល​ទៅ ឃ្លានបាយ​ណាស់​" ។ លុះ​ឃើញ​នៅ​ស្ងៀម​ក៏​នាំគ្នា​ដើរចូល​ទៅ​មើល ។ កាល​ដឹងថា បុរស​នោះ​ស្លាប់ បុរស ៣ នាក់​ភ័យ​ណាស់​និយាយ​គ្នា​ថា "​យើង​នៅ​មិន​បាន​ទេ តែបើ​យើង​នៅ​មុខ​ជា​គេ​ប្តឹង​ថា យើង​វាយ​សម្លាប់​អា​នេះ បើ​ដូច្នោះ​ត្រូវ​នាំគ្នា​រត់​" ថា​ហើយ​ក៏​ព្រមព្រៀង​គ្នា​រត់​ទៅ ។ ដល់​ពេល​យប់​វង្វេងផ្លូវ​មិន​ដឹងរ​ត់​ទៅ​ឯណា ទៅ​ត្រង់​កំពង់​ផ្ទះ​យាយ ហើយ​នាំគ្នា​លួច​ទូក​យាយ​នោះ​អុំ​ទៅ​ត្រើយម្ខាង ។ បុរស​ទាំង ៣ នាក់​នាំគ្នា​ចុះ​ទូក ម្នាក់​នៅ​ខាង​កន្សៃ បែរមុខ​ទៅខាង​កន្សៃ ម្នាក់​នៅ​ខាង​ក្បាល ក៏​បែរមុខ​ទៅខាង​ក្បាល ម្នាក់​ទៀត​នៅ​អង្គុយ​កណ្តាល​បាចទឹក​ទូក តែ​មិន​បាន​ស្រាយ​ខ្សែចំណង​ទូក​នោះ​ចេញ ចេះតែ​នាំគ្នា​អុំៗ ១ យប់​ទាល់​ភ្លឺ​នៅតែ​ដដែល ។ លុះ​ភ្លឺ​ស្រាង​ឡើង យាយ​ចាស់​ចុះ​ទៅ​ដងទឹក​ប្រទះ​បុរស ៣ នាក់​ហើយ​ស្រែកថា "​យើ​អា​នេះរ​ត់​ទៅ​ណា​?" ។ បុរស​ទាំង ៣ នាក់​ក្រឡេកឃើញ​យាយ​ចាស់​ជា​ចៅហ្វាយ​ខ្លួន ក៏​ទាល់​ប្រាជ្ញា​មិនដឹង​បើ​រត់​ទៅ​ណា ក៏​ទៅ​នៅ​បម្រើ​យាយ​ចាស់​វិញ​ដដែល ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More