សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿង មាយា​ស្រី​

ពី​ព្រេងនាយ​មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​តែ​ពុំ​មាន​កូន​ដល់​យូរ​ទៅ ប្រពន្ធ​នោះ​មាន​សហាយ​នាំ​មក​ដេក​ជាមួយ​ក្នុងផ្ទះ តែ​សព្វថ្ងៃ ។​
​ ​ថ្ងៃមួយ​ប្តី​ទៅជីក​ដំឡូង​ក្នុងព្រៃ ដល់​ថ្ងៃ​កៅ្តចូលទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា​មួយ ។ ប្រពន្ធ​រៀប​អី​វ៉ាន់​ទៅ​បន់អ្នកតា​នោះ​ឲ្យទៅ​ធ្វើប្តី​ឲ្យស្លាប់ នឹង​យកស​ហាយ​ធ្វើ​ប្តី រៀប​ស្រេច​ហើយ​ក៏​យក​អីវ៉ាន់​នោះ​ដើរចូល​ទៅក្នុង​ខ្ទម​អ្នកតា ។ ប្តី​ឃើញ​ប្រពន្ធ​ដើរចូល​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា "​ប្រពន្ធ​អញ​វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ​" គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយខ្នង​រូប​អ្នកតា លបស្តាប់​ប្រពន្ធ ។​
​ ​ឯ​ប្រពន្ធ​ក៏​ចូល​ទៅ​អុច​ទៀនធូប ហើយ​និយាយ​បន់​អ្នកតា "​ខ្ញុំ​មិន​ចង់​យក​ប្តី​ខ្ញុំ​ទេ ខ្ញុំ​យកប្តី​ទៀត សូម​អ្នកតា​កាច់​ប្តី​ខ្ញុំ​ឲ្យ​ស្លាប់ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​១" ។
​ ​ប្តី​ឮដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​អ្នកតា​ថា "​អើ​បើ​នាង​មាន​សហាយ ហើយ​ចង់​ឲ្យ​អញ​កាច់ក​ប្តី​នាង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវរ​កមាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក​ស្ងោរ​ឲ្យ​ប្តី​នាង​ស៊ី​ទៅ វា​ស្លាប់​ហើយ​" មេ​នោះ​ឮ​ដូច្នោះ​ស្មានថា អ្នកតា​បង្គាប់​ក៏​ប្រញាប់​វិល​រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​ប្តីស៊ី ដើម្បី​ឲ្យស្លាប់ ហើយ​នឹង​យកសហាយ ។​
​ ​លុះ​ដល់​ព្រលប់​ប្តី​មក​ពី​ជី​ដំឡូង​ដល់​ហើយ​សួរថា "​គេហ៍​អើយ​! បាន​អី​ស៊ី​បាយ​?" ។ មេ​នោះ​ឆ្លើយថា "​ខ្ញុំ​បាន​មាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក​" ប្តី​ថា "​រៀប​បាយ​មក​ស៊ី​" ។ ប្រពន្ធ​ក៏​លើកបាយ​ទាំង​មាន់​ក្រាប​មក​ឲ្យ​ប្តីស៊ី ប្តីស៊ី​អស់​មាន់​ហើយ​ធ្វើ​ជា​ឈឺ​ដេក​ថ្ងូរ​ហ៊ឺៗ ។ មេ​អ​រណាស់ គិត​ស្មានថា​ប្តីឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់ ហើយ​ដ្បិត​ឮ​ថ្ងូរ ឯ​ប្តី​ក៏​ធ្វើ​ជា​ដេក​ទៅ មេ​នោះ​គិត​ស្មានថា​ប្តី​ស្លាប់ ក៏​បើកទ្វារ​នាំយក​ស​ហាយ​ចូលទៅ​ដេក​ជាមួយ ។ អ្នក​ទាំង​ពីរ​កំពុង​តែ​និយាយ​គ្នា​ប្តី​ក៏​ក្រោក​ឡើង​អង្គុយហៅ​ប្រពន្ធ​មក​ប្រាប់ថា "​រងា​រណាស់​" ។​
​ ​ឯ​បុរស​ស​ហាយ ឃើញ​ប្តី​មេ​នោះ​ក្រោក​ឡើង​អង្គុយ​ដូច្នោះ ស្ទុះ​រត់​ពុំទាន់​ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ​មួយ​នៅ​ខាង​ដំណេក សំងំ​ចាំ​ប្តី​នោះដេក ខ្លួន​នឹង​ចេញពី​ពាង​នោះ​ទៅ​ដេក​នឹង​ស្រី​នោះ​ទៀត ។​
​ ​ប្តី​បាន​ឃើញ​តែ​ធ្វើ​ជា​មិន​ឃើញ​មិនដឹង ប្រាប់​ប្រពន្ធ​ថា "​រងា​រណាស់ ឯង​ដាំទឹក​ឲ្យ​គា្ន​មុជ​ទឹកបនិ្តច​នឹង​អាល​ស្លាប់​" មេ​នោះ​ឮថា ចង់​ស្លាប់​ដូច្នោះ អរ​ណាស់​ដ្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ទៅ​បន់អ្នកតា ។​
​ ​លុះ​ប្រពន្ធ​ដាំទឹក​ពុះ​ហើយ ប្តី​ថា "​ទៅ​ដងទឹក​ត្រជាក់​បាន​១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្តៅ​នោះ​" ។ ប្រពន្ធឮ​ប្តី​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដងទឹក ។ ប្តី​ឃើញ​ប្រពន្ធ​ទៅ​បាត់​ក៏​ក្រោក​ឡើង ដើរ​ទៅ​លើ​ក​ទឹក​ពុះ ១ ខ្ទះ​នោះ​យក​ទៅ​ស្រោច​លើ​សហាយ​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​ធ្វើជា​ឈឺ​ថ្ងូរ​ហ៊ឺៗ​ទៀត ។​
​ ​មេ​នោះ​វិល​ពី​ដង​ទឹក​វិញ មើលទៅ​ឃើញ​ស​ហាយ​ត្រូវ​ទឹក​ក្តៅ​រួញស​សៃ​ដូច​គេ​ដក​ក​ចេញពី​ពាង​មក​ក៏​អោន​ខ្សឹប​ថា "​ថ្វី​ក៏​មិន​អោន​ទៅ វា​មិន​ទាន់​ដេក​ទេ​" ។ អានោះ​នៅ​ឆ្ង​ក់​ដដែល មេ​នោះ​យក​ដៃ​ទៅ​ចាប់​ច្រមុះ​ទៅ​ត្រូវ​ស្លឹកត្រចៀក រហែក​ជ្រុះ​ទាំង​សក់ បាន​ដឹង​ជា​ប្តី​ស្រោច​ទឹក​កៅស្លា​ប់សា​ហាយ​ទៅហើយ ក៏​ពុំ​ស្តីយក​គ្របពាង​មក​គ្រប ហើយ​យក​ទឹក​មក​ឲ្យ​ប្តី​ងូត ។ ឯ​ប្តី​ក៏​មិន​ស្តី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា "​អញ​គ្រាន់បើ​ហើយ​" ហើយ​ហៅ​ប្រពន្ធ​ចូលដេក​ទៅ ។​
​ ​លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ​ពុំ​ដឹង​ធ្វើ​ដូចម្តេច​នឹង​យក​ខ្មោច​ចេញ​ឲ្យ​រួចផុត​ពី​ផ្ទះ ក៏​នឹកឃើញ​ថា "​ក្នុងស្រុក​នេះ​មាន​ចោរ ៤ នាក់ តែងតែ​លបលួច​អីវ៉ាន់​អ្នកផង​តែ​សព្វថ្ងៃ គ្រប់​ភូមិ ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង​៤ នាក់​នោះ​យក​ខ្មោច​ចេញពីផ្ទះ​អញ​ទៅ​ចោល​ក្នុងព្រៃ​ឲ្យបាន​" គិត​ហើយ​ក៏​ដើរ​ខ្ចី​សំពត់​ហូល អាវ​ព្រែគេ​យក​មក​ហាល​ជុំ​ផ្ទះ ។ ឯ​ចោរ​ទាំង ៤ នាក់​នោះ​ឃើញ​ហើយ​គិតថា "​ជើ​! មេ​នេះ​មាន​ណាស់​តើ​! យប់​នេះ​យើង​នឹង​ទៅ​លួច​វាឲ្យ​បានកុំ​ខាន សព្វថ្ងៃ​យើង​ស្មាន​តែ​វា​ក្រ​" ។​
​ ​មេ​នោះ​ក៏​ហាល​សំពត់​ហាលអាវ​ព្រែ​នោះ លុះដល់​ពេល​ល្ងាច​យកទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចងរឹត​រួត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ទុក​ឲ្យ​ចោរ​ចូល​មក​សែង​យកទៅ ។​
​ ​ឯ​ចោរ ៤ នាក់​លុះ​យប់​ក៏​បបួលគ្នា​ទៅ​លួច ចូល​ទៅរ​ក​របស់​ទាំង​នោះ​ពុំ​ឃើញៗ​តែ​ពាង​មួយ​ចង​មាត់ចាប់​បើក​ពុំរួច ។ ចោរ​ទាំង​៤ នាក់​និយាយ​គ្នា​ថា របស់​អ​ស់​នេះវា​ដាក់​ក្នុង​ពាង​នេះហើយ បើ​ដូច្នេះ​យើង​ត្រូវ​សែង​ពាង​នេះ ថា​ហើយ​ក៏​នាំគ្នា​សែង​ពាង​នេះ​ទៅ​ដល់​ព្រៃ​ឆ្ងាយ ក៏​ស្រាយ​លូក​មើល ។​
​ ​អា ១ លូកដៃ​ទៅ​ត្រូវ​ស​ក់​ថា​វ៉ើយ សូត្រ​ដក​ដៃ​ចេញ ។ អា ១ លូកដៃ​ទៅ​ត្រូវ​ស្លឹកត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា​វ៉ើយ ខ្មោច​ទេ ។ អា ១ មិន​ជឿ​ក៏​លូកដៃ​ទៅ​ទៀត​ត្រូវ​ដើមទ្រូង​ដឹងថា​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល ហើយ​ខឹង​ណាស់​ថា ដ្បិត​មេនោះ​បញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា "​យើង​ឃ្លាំមើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ម្នាក់​វា ត្រូវ​គ្នា​យើង​ចោមរោម​ចាប់​វា​វាយ​ឲ្យ​វា​រាង កុំឲ្យ​វា​បញ្ឆោត​យើង​ទៀត​" ។
​ ​ជួន​ជា​ថ្ងៃ​មួយ​មេ​នោះ​ចុះ​ទៅ​រក​ទិញ​អីវ៉ាន់ ដ្បិត​មាន​សំពៅ​ទើបនឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ មេ​នោះ​ដើរ​ដល់​ពាក់កណ្តាល​ផ្លូវ ក៏​ជួន​ចោរ​ទាំង ៤ នាក់​នោះ ចោរ​ឃើញ​ក៏​នាំគ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ​ឆ្លើយថា "​ណ្ហើយ​អ្នក បើ​អ្នក​វាយ​ខ្ញុំ​ក៏​ឥត​ប្រយោជន៍​ដែរ ដ្បិត​ខ្ញុំ​ទៅ​ទារប្រាក់​ពី​នាយសំពៅ​ដូច្នេះ​មក​! អញ្ជើញ​ទៅ​នឹង​ខ្ញុំៗ​ទារប្រាក់​បាន​ចែក​គ្នា​ចាយ​លេង​" ។​
​ ​ចោរ​ទាំង ៤ នាក់​ឮថា​វា​ទៅ​ទារប្រាក់​ដូច្នោះ ក៏​ចូល​ចិត្ត​បបួល​គ្នា​ទៅ ។ មេ​នោះ​ផាំ្ត​ចោរ​ទាំង ៤ នាក់​ថា "​អស់អ្នក​ឈរ​ចាំ​ខ្ញុំ​នៅ​លើ​ច្រាំង​ចុះ បើកាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ អ្នក​ចុះ​ទៅ​ចុះ​បាន​ប្រាក់​ហើយ​" ។​
​ ​មេនោះនិយាយ​ផាំ្ត​ចោរ​ទាំង ៤ នាក់​ហើយ ក៏​ចុះទៅ​សំពៅ និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង​៤ នាក់ វា​ថា​ចោរ​នោះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុលបង្ហាញ​នាយសំពៅ​ថា "​នុះ​ហ្ន៎ ! វា​ទាំង ៤ នាក់​បើ​វា​ចុះ​មក​ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​វា​ដាក់​ច្រវាក់​ឲ្យ​ជាប់ទៅ កុំឲ្យ​វា​រត់​រួច​បាន​" ។ នាយសំពៅ​ព្រម​ហើយ​សួរថា "​ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន​?" ។ មេ​នោះ​ថា "​ម្នាក់​ថ្លៃ ២ ណែន​" ។ នាយ​សំពៅឲ្យ ១ ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​ក្រៅ​បក់ដៃ​ហៅ​ចោរ​ទាំង ៤ នាក់ ។ ចោរ​ទាំង ៤ នាក់​គិត​ស្មានថា វា​ហៅ​ឲ្យទៅ​យក​ប្រាក់​ក៏​នាំគ្នា​ចុះ​ទៅដល់​ហើយ ស្រាប់តែ​នាយសំពៅ​ប្រើ​មនុស្ស​ឲ្យ​ចាប់​ដាក់ច្រវាក់​នៅបាត​សំពៅ​ទាំងអស់គ្នា ។ មេ​នោះ​ក៏​យកប្រាក់​ឡើង​មក​បាត់ ។​
​ ​បាន​ប្រាក់​ហើយ​មេនោះ​ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្តាល​ផ្លូវ​ចូល ជួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត​ក៏​ឡើង​ទៅ​ដេក​លើ​ដើមឈើ​ធំ​មួយ​នៅ​ប្របផ្លូវ​នោះ ។​
​ ​ឯ​ចោរ ៤ នាក់​នាយសំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ​ក៏​និយាយ​គ្នា​ថា "​ជើ​! មេ​នោះ​ហៅ​ពេញ​ជា​ប្រាជ្ញ​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ ហើយ​ឥឡូវ​វាលក់​យើង​បាន​ទៀត​" ។ ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់ចេញ​ពី​សំពៅ​ដើរ​ឡើងមក​លើគោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់​ក៏​នាំគ្នា​ឡើង​ទៅ​ដេក​លើ​ដើមឈើ​ធំ​ដែល​មេ​នោះ​ដេក ។ ចោរ ៣ នាក់​ឡើង​ដេក​លើ​មែក​ដោយ​ខ្លួន ។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួន​មេ​នោះ​នៅ​លើ​ចុង​ឈើ ។ អាចោរ​នោះ​ថា "​អើ ​ហ​ងឯង​ស្លាប់​ហើយ​ម្តងនេះ ហងឯង​ធ្លាប់តែ​បញ្ឆោត​យើង ឥឡូវ​ហងឯង​រត់​ចុះបើ​រួច​" ។​
​ ​មេ​នោះ​លើក​ប្រាក់​បង្ហាញ​ហើយ​ខ្សឹប​ថា "​ណ្ហើយ​អ្នក​កុំ​ស្តី កុំឲ្យ​អ្នក​ទាំង ៣ នាក់​ដឹង យើង​ត្រូវ​យក​គ្នា​ជា​ប្តី​ប្រពន្ធ ហើយ​យក​ប្រាក់​នេះ​ទៅ​ចាយ​រកស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើបាប​ខ្ញុំ​ធ្វើ​អី​" ។​
​ ​អាចោរ​ឮដូច្នេះ​ក៏​មិន​ស្តី​ខិតចូល​ទៅ​ជិត​លូក​ដៃ​អោប​កៀក​មេ​នោះ​ថា "​អើ​! ប្អូនឯង​ហៅ​ប្រាជ្ញ​ធំ បញ្ឆោត​បង​ពីរដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយសារ​ព្រេងសំណាង​យើង​" និយាយ​ហើយ​ក៏​អោបថើបៗ ។ មេ​នោះ​ពុំ​ប្រកែក​ហើយ​ថា "​ខ្ញុំ​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ ឯខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ​ចិត្ត​មួយ​ហើយ​" ។ អាចោរ​នោះ​ថា "​បង​ស្រឡាញ់​ស្មោះ ហើយ​នាង​ពុំ​ដឹងចិត្ត​បង ចង់​ឲ្យ​បង​ស្បថ​ឬ​ឲ្យ​បង​ធ្វើ​ម្តេច​?" ។ មេ​នោះ​ថា "​បើ​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា​មានតែ​លិទ្ធ​អណ្តាត​គ្នា​" ទើប​មេនោះ​លៀន​អណ្តាត​ហើយ​អោន​ទៅរក​អាចោរ​នោះ ។ មេ​នោះ​ខាំ​អណ្តាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទំលាក់​ពីលើ​ចុងឈើ​ធ្លាក់​ដល់​ដី​ស្រែក​ឮ​តែ​ឡុ​លៗ ។​
​ ​ឯ​ចោរ ៣ នាក់​គិត​ស្មានថា នាយសំពៅ​ចោមចាប់ ក៏​លោត​ពី​មែកឈើរ​ត់ទៅ ហើយ​ស្រែកហៅ​គ្នា​ថា "​វ៉ើយ​គ្នា​យើងរ​ត់​នាយសំពៅ​ដេញ​ហើយ​" ។ អា​ចោរ​ដែល​ដាច់​អណ្តាត​នោះ​ស្រែកហៅ​គ្នា​វា​ថា "​មេ​នោះ​នៅ​ចុងឈើ​ត្រូវ​មក​ចាប់​" ប៉ុន្តែ​វា​ដាច់​អណ្តាត​និយាយ​មិន​ច្បាស់​ឮ​តែ​ឡុ​លៗ គ្នា​វា​គិត​ស្មានថា គេ​ដេញ​ចាប់​ចេះ​តែ​រត់​យក​ប្រាស​អាយុ​រៀងៗ​ខ្លួន ។​
​ ​ឯ​មេនោះ​ចុះ​ពីលើ​ចុងឈើ​យកប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្តី នៅ​រកស៊ី​ជាមួយ​នឹង​ប្តី​ជា​សុខ​សប្បាយ​ទៅ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More